លោក យ៉េង ឈាងលី ជាកូនកសិករម្នាក់ ស្ថិតក្នុងខេត្តកណ្តាល។ ឪពុកលោកបានចែកឋាននៅចុងឆ្នាំ២០០៨ បន្សល់ត្រឹមម្តាយ និងមានបងប្អូនប្រុស៣នាក់ ស្រី២នាក់ ហើយខ្លួនលោកជាកូនទី៥ក្នុងគ្រួសារ។
កាលនៅរៀនថ្នាក់វិទ្យាល័យ លោកបានចុះឈ្មោះចូលរៀនថ្នាក់បណ្តុះបណ្តាលវិជ្ជាតែងនិពន្ធរយៈពេលខ្លីពីសមាគមបណ្តុះបណ្តាលកវីជនបទ និងសមាគមអ្នកនិពន្ធខ្មែរ ក្រោមអាណត្តិដឹកនាំដោយលោកសាស្ត្រាចារ្យ យូ បូ (ចែកឋាន) លើជំនាញ មូលដ្ឋានគ្រឹះកំណាព្យខ្មែរ និងប្រលោមលោកខ្នាតវែង-ខ្លី ។ ក្រោយចប់បាក់ឌុប អំឡុងឆ្នាំ២០០៧ ឈាងលី បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងភ្នំពេញ ដោយចាប់យកជំនាញ “គ្រប់គ្រង” នៅសាកលវិទ្យាល័យធនធានមនុស្ស។ នៅថ្នាក់មហាវិទ្យាល័យ ក្រោយទំនេរពីការងារនិងការសិក្សា លោក យ៉េង ឈាងលី តែងតែឆ្លៀតចូលរួមសិក្ខាសាលាតែងនិពន្ធជាច្រើនលើកច្រើនសា ដែលសិក្ខាសាលាទាំងនោះរៀបចំឡើងដោយសមាគមអក្សរសិល្ប៍ នូ ហាច សមាគមប៊ិកកម្ពុជា និងកម្មវិធីផ្លាស់ប្តូរបទពិសោធនិពន្ធជាមួយកវីនិពន្ធក្រៅស្រុក រៀបចំដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ក្រៅពីចូលរួមវគ្គបណ្តុះបណ្តាលលើវិជ្ជាតែងនិពន្ធដែលបង្រៀនដោយលោកគ្រូអ្នកគ្រូក្នុងស្រុក លោក ឈាងលី ក៏បានចូលរួមសិក្ខាសាលានិងវេទិកាអក្សរសិល្ប៍ក្នុងតំបន់អាស៊ីអាគ្នេយ៍និងប៉ែកអឺរ៉ុបថែមទៀតផង។
ក្រោយបានប្រឡូកចូលក្នុងវិស័យតែងនិពន្ធនិងបានធ្វើការងារស្ម័គ្រចិត្តយ៉ាងច្រើនជាមួយកវីនិពន្ធខ្មែរនិងបរទេស ទើបកំលុងឆ្នាំ២០១៦ លោក យ៉េង ឈាងលី បានសហការចងក្រងស្នាដៃកវីនិពន្ធទំនើបនិយមខ្មែរ ជាពីរភាសា(ខ្មែរ-អង់គ្លេស) ដោយដាក់ចំណងជើងស្នាដៃនោះថា ស្រមោល ឬ In the shadow ហើយបោះពុម្ពផ្សាយក្រោមជំនួយពីសមាគមអក្សរសិល្ប៍ នូ ហាច។ រឿងខ្លី រៀន…ភ្នែកនៅកញ្ចឹងក ត្រូវបានចេញផ្សាយក្នុងសៀវភៅកម្រងរឿងខ្លី វិធាវី២០១៦ និងត្រូវបានប្រែសម្រួលជាភាសាជប៉ុន។ កំណាព្យ ភ្លើងពណ៌ និងស្ត្រីអេតចាយ ក៏បានចេញផ្សាយជាភាសាអង់គ្លេសក្នុងសៀវភៅ Modern Literature of Cambodia (អក្សរសិល្ប៍ទំនើបនិយមកម្ពុជា) ស្នាដៃរឿងខ្លី ដើម្បី? និងកំណាព្យ ភ្លើងពណ៌ ត្រូវបានផ្សាយក្នុងសៀវភៅ Perjuangan Bangsa Dalam Puisi Dan Syair Asean ដែលជាកម្រងស្នាដៃកវីនិពន្ធអាស៊ាន កំលុងពេលមហោស្រពចម្រុះសិល្បៈក្នុងក្រុងកូឡាឡាំពួ។ ដើមឆ្នាំ២០១៩ កំណាព្យ១០ចំណងជើង ចំណោមរាប់រយកំណាព្យ ដែលលោកបាននិពន្ធតាំងពីឆ្នាំ២០១២ដល់២០១៧ ត្រូវបានជ្រើសរើសដាក់ចូលក្នុងកម្រងស្នាដៃ Biennale of Asian Poetry ផ្សាយក្នុងមហោស្រពកំណាព្យអាស៊ីរាល់ពីរឆ្នាំម្តង ក្នុងក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។
ដោយសារស្រឡាញ់ជាប់ចិត្តនឹងកិច្ចការនិពន្ធ និងចងក្រង នៅដើមឆ្នាំ២០១៨ លោកបានចូលរួម បម្រើការងារនៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច រហូតមកទល់នឹងបច្ចុប្បន្ននេះ៕
Email: chheangly.yeng@mjqeducation.edu.kh
Tel: 077 222 578 | 093 222 578