បោះពុម្ពដោយ | គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
---|---|
កាលបរិច្ឆេទ | ខែកញ្ញា ឆ្នាំ២០២០ |
ចំនួនទំព័រ | ៣៥៦ ទំព័រ |
ទំហំ | ១៣ x ១៩.៥ សង់ទីម៉ែត្រ |
ភាសា | ខ្មែរ |
"កម្រងកំណាព្យពីដួងចិត្ដ " គឺជាកម្រងវណ្ណកម្មទី៨ និពន្ធដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ស្នាដៃនេះ ត្រូវនិម្មិតឡើងដោយប្រើប្រាស់ទម្រង់កាព្យខ្មែរ ជាមធ្យោបាយលើកយកទស្សនទានរបស់កវីនិពន្ធ មកចែករំលែកដល់ប្រិយមិត្តអ្នកអាន។ សៀវភៅដែលមានកម្រាស់ ៣៥៦ទំព័រនេះ នឹងបង្ហាញមិត្តអ្នកអានអំពីគំនិតយល់ឃើញ មតិយោបល់អំពីសីលធម៌ បទពិសោធ និងការតស៊ូដើម្បីភាពជោគជ័យក្នុងជីវិត ដែលកវីនិពន្ធបានឆ្លងកាត់កន្លងមក។ លើសពីនោះទៅទៀត វណ្ណកម្មនេះនឹងចែករំលែកដល់មិត្តអ្នកអានបន្ថែមទៀត នូវទស្សនៈទាក់ទងនឹងការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគតិអាជីវកម្ម តាមរយៈភាសាកាព្យ។ ម៉្លោះហើយ មិត្តអ្នកអានអាចឈ្វេងយល់បន្តបាននូវគន្លឹះសាមញ្ញៗ គ្រាន់ជាជំនួយដល់កិច្ចបង្កើនសមត្ថភាពគិតពិចារណា មានភាពអំណត់អត់ធន់ តស៊ូក្នុងដំណើរជីវិត និងជំរុញលើកទឹកចិត្តខ្លួនឯងជានិច្ច។ តាមរយៈស្នាដៃនេះ ប្រិយមិត្តអ្នកអាន នឹងបានឈ្វេងយល់បន្ថែមទៀតពីទម្រង់សិល្បៈតែងកំណាព្យខ្មែរយើង ដែលជាកេរតំណែលដ៏ផូរផង់មួយ មានអាយុកាលរាប់សតវត្សរ៍។
គួរបញ្ចាក់ផងដែរថា កម្រងកំណាព្យពីដួងចិត្ត ឬ Poems from the heart នេះ គឺជាសមិទ្ធផលទី១២ហើយ ដែលចេញផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច៕