| ផ្សាយដោយ | គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
|---|---|
| ផ្សាយលើកទី១ | ខែកក្កដា ឆ្នាំ២០២៦ |
| ចំនួនទំព័រ | ៤០១ |
| ទំហំ | ១៣ x ២៥ សង់ទីម៉ែត្រ |
| ភាសា | ខ្មែរ |
| កម្រិតអាន | គ្រប់ស្រទាប់វ័យចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ |
មានពុកមានម៉ែ តែកូនកំព្រា
«តើកូនអាចក្លាយជាក្មេងកំព្រាដោយរបៀបណា បើម្ដាយឪពុករបស់ពួកគេនៅមានជីវិតនៅឡើយ?»
សំណួរនេះ គឺជាបេះដូងនៃសៀវភៅ «មានពុកមានម៉ែ តែកូនកំព្រា» ដែលជាស្នាដៃនិពន្ធទី១៤ របស់អ្នកនិពន្ធ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
សៀវភៅថ្មីដែលមានកម្រាស់៤០១ទំព័រនេះ នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានឱ្យបានឈ្វេងយល់ពីការពិតមួយដែលមនុស្សជាច្រើនធ្លាប់មើលរំលង ពោលគឺ «ភាពកំព្រាផ្លូវចិត្ត» ដែលបាននិងកំពុងតែកើតមានឡើងនៅក្នុងគ្រួសារខ្មែរនាពេលបច្ចុប្បន្ន។
សៀវភៅនេះចែកចេញជា៦ចំណុចធំៗ ដោយផ្សារភ្ជាប់សាច់រឿងចាប់ពីការកសាងគ្រួសារ បញ្ហាប្រឈមដែលបន្តិចម្តងៗបានបំផ្លាញទំនាក់ទំនងក្នុងគ្រួសារ ផលវិបាកបណ្តាលមកពីការបែកបាក់គ្រួសារ ភាពខុសគ្នារវាងក្ដីស្រឡាញ់ពិតនិងក្ដីស្រឡាញ់ក្លែងក្លាយ ការឈឺចាប់ដ៏ស្ងៀមស្ងាត់របស់កូនៗដែលកំពុងតែមានឪពុកម្ដាយ ប៉ុន្តែខ្វះភាពកក់ក្តៅផ្លូវចិត្ត រហូតដល់បញ្ហាសង្គមធ្ងន់ធ្ងរដែលកើតឡើងក្រោយពេលសង្គមគ្រួសារចាប់ផ្ដើមប្រេះស្រាំខ្ទេចខ្ទាំ។
ជាជាងការរិះគន់ឬចោទប្រកាន់នរណាម្នាក់ អ្នកនិពន្ធមានចេតនានាំអ្នកអានឱ្យចូលរួមពិចារណាស៊ីជម្រៅជុំវិញបញ្ហាអាពាហ៍ពិពាហ៍ ការចិញ្ចឹមបីបាច់កូន ការមានទំនួលខុសត្រូវ គុណតម្លៃ និងសុខុមាលភាពផ្លូវចិត្តសង្គម គ្រួសារ និងកូនៗ។ សៀវភៅនេះមិនត្រឹមតែសួរថា «តើបញ្ហាទាំងអស់នេះកើតឡើងដោយសារអ្វី?» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យប្រិយមិត្តអ្នកអានស្វែងរកចម្លើយជុំវិញសំណួរ «តើយើងអាចធ្វើអ្វីខ្លះ ដើម្បីកសាងខ្លួនឯង គ្រួសារ និងសង្គមឱ្យរឹងមាំនិងប្រសើរឡើង?»។
ជាស្នាដៃដែលសមស្របនឹងបរិបទសង្គមបច្ចុប្បន្ន «មានពុកមានម៉ែ តែកូនកំព្រា» គឺជាសៀវភៅដែលជនានុជនគ្រប់រូបគួរអាន ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាឧត្តមបុគ្គលដែលនឹងមានសមត្ថភាពក្លាយជាឪពុកម្ដាយគេ ជាពិសេសយុវជនដែលកំពុងត្រៀមកសាងគ្រួសារ គ្រូបង្រៀន អ្នកប្រឹក្សា អ្នកដឹកនាំសហគមន៍ អ្នករៀបចំគោលនយោបាយ និងអ្នកដែលចេះឈឺឆ្អាលចំពោះអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លើសពីការបង្ហាញបញ្ហា សៀវភៅនេះនឹងនាំប្រិយមិត្តអ្នកអានទាំងអស់គ្នាឱ្យត្រឡប់មកស្វែងយល់ឡើងវិញពីអត្ថន័យពិតនៃសេចក្ដីស្រឡាញ់ ការទទួលខុសត្រូវ និងចំណងមនុស្សធម៌ក្នុងសង្គមដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។
សៀវភៅ «មានពុកមានម៉ែ តែកូនកំព្រា» មានដាក់លក់នៅបណ្ណាគារ អន្តរទ្វីប (គ្រប់សាខា), បណ្ណាគារដៃគូក្នុងរាជធានីភ្នំពេញ និងបណ្ណាគារនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ONLINE: