#រឿងខ្លី “ខ្យងក្រោយរនាស់”
ក្នុងសិក្ខាសាលាស្តីពីសហគ្រិនស្រ្តី ដែលមានមនុស្សចូលរួមរាប់រយនាក់ កាលពីចុងខែវិច្ឆិកានៅសណ្ឋាគារហ៊ីម៉ាវ៉ារី មាត់ទន្លេ លោកឧកញ៉ា គួច ម៉េងលី វាគ្មិនដ៏ល្បីល្បាញបានលើកឡើងថា ការចូលរួមរបស់ស្រ្តី និងយុវជនក្នុងវេទិកាជំនួញ ឬអាជីវកម្ម គឺជារឿងល្អណាស់ហើយស្រ្តី និងយុវជនគួរតែប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យក្លាយជាយុវសហគ្រិន ឬសហគ្រិនវ័យក្មេង។ ប៉ុន្តែយុវជនក៏គួរតែកុំតក់ក្រហល់ចង់ធ្វើយុវសហគ្រិន ឬសហគ្រិនវ័យក្មេងដែរ។ គួរតែសិក្សាឈ្វេងយល់អំពីសហគ្រិនភាពឱ្យបានច្បាស់លាស់។
តំាងពីពេលដែលលោកចាប់ផ្តើមនិយាយ មនុស្សនៅក្នុងអង្គសិក្ខាសាលាមានសភាពស្ងាត់ច្រៀបតែម្តង។ រយៈពេល១៥នាទីដែលលោកនិយាយ អ្វីដែលខ្ញុំកាន់តែចាប់អារម្មណ៍នោះ គឺនៅត្រង់ឃ្លាដែលលោកផ្តាំផ្ញើថា យុវជនគួរកុំធ្វើខ្លួន ឬក៏បណ្តោយខ្លួនឱ្យក្លាយជាខ្យងក្រោយរនាស់។ ខ្ញុំបានកត់ត្រាពាក្យនេះទុកដើម្បីសាកសួរគាត់បន្ថែម។
ក្រោយពេលលោកឧកញ៉ានិយាយចប់ ហើយសម្រាក និងទទួលទានអាហារសម្រន់ ខ្ញុំបានដើរតម្រង់ទៅរកលោកឧកញ៉ា គួច ម៉េងលី កាត់ជួរមនុស្ស ដែលខ្លះកំពុងឈររេរាជាច្រើន។
ឈរជាប់តុអាហាររាងមូល ក្រាលកម្រាលពណ៌ស និងដៃម្ខាងកាន់កែវកាហ្វេ ខ្ញុំបានលើកដៃសំពះជម្រាបសួរគាត់ គាត់ញញឹម ហើយសំពះតបមកខ្ញុំវិញ។ គាត់សួរខ្ញុំ៖ “ម៉េចដែរក្មួយម៉ានីគួរឱ្យចាប់អារម្មណ៍ទេសិក្ខាសាលានេះ?” (ខ្ញុំឈ្មោះម៉ានី) ខ្ញុំតបទៅគាត់វិញយ៉ាងរហ័សភ្លាមដែរថា៖ “ចាស! ពិតជាល្អខ្លាំងណាស់លោកពូឧកញ៉ា តែទីនេះ អ្វីដែលក្មួយឆ្ងល់ខ្លាំង និងចង់ដឹងនោះ គឺក្មួយចង់ឱ្យលោកពូ ជួយពន្យល់ឃ្លាដែលលោកពូមានប្រសាសន៍ខ្យងក្រោយរនាស់។ គឺយុវជនគួរកុំធ្វើខ្លួនឬបណ្តោយខ្លួន ដូចខ្យងក្រោយរនាស់…។”
លោកឧកញ៉ាចិត្តធម៌ ដែលចូលចិត្តចែករំលែកចំណេះដឹង ញញឹមមើលមុខខ្ញុំបន្តិចរួចមានប្រសាសន៍ទំាងមិនរារែក៖
.អូ! ឃ្លាហ្នឹងពូចង់និយាយថា បច្ចុប្បន្ននេះគ្រាន់តែឮគេថា ចង់ក្លាយជាសហគ្រិនវ័យក្មេង ចុះឈ្មោះចូលវគ្គសិក្សាខ្លីៗនឹងជោគជ័យភ្លាម មានយុវជនយើងជាច្រើនកំពុងនាំគ្នាស្រចុះស្រឡើងដូចហ្វូងគោអ៊ីចឹង។ ពួកគាត់ហ្វូងចុះហ្វូងឡើង ទំាងមិនយល់ថា អ្វីទៅជាសហគ្រិនផង ចុះទម្រាំសហគ្រិនវ័យក្មេង តើត្រូវធ្វើឬត្រៀមអ្វីខ្លះ? គាត់ឆាប់ជឿគេពេក អាចប្រឈមនឹងការចាញ់បោកគេ ឬខាតបង់ថវិកា ហើយឈានទៅដល់ការបាក់ទឹកចិត្ត។ ងាកមកនិយាយពីពាក្យថា ខ្យងក្រោយរនាស់វិញ គឺពូចង់និយាយដល់ពពួកសត្វខ្យង។ តើក្មួយធ្លាប់ឃើញគេភ្ជួរ ឬរាស់ស្រែទេ? សត្វខ្យងនៅពេលកសិកររាស់ដី គឺវាមកវល់ ហូរតាមទឹកពីក្រោយរនាស់ហ្នឹង ហើយមានខ្លះអាចទៅលឿនហួសទំាងរនាស់ទៀត តែមិនដឹងថាគោលដៅត្រូវទៅណា? ខ្ញុំចង់និយាយថា យុវជនមួយចំនួនសព្វថ្ងៃកំពុងតែអ៊ីចឹង។ មិនដឹង មិនយល់អ្វីច្បាស់ទេ ឱ្យតែគេបបួលចេះតែទៅហើយ ហើយមិនដឹងថាទៅណាទេ។ អ្នកបបួលគេមិនសូវប៉ុន្មានទេ តែអ្នកដែលត្រូវគេបបួល ពេលខ្លះគួរឱ្យអស់សំណើច ព្រោះមិនយល់អ្វីសោះ តែ
បេះដូងកញ្ជ្រោលជាងគេអ្នកដឹងទៅទៀត។ ពេលខ្លះ ពូសួរពួកគាត់ថា យល់ទេអាហ្នឹងពួកគាត់គ្រវីក្បាល។ ពេលពូសួរទៀតថា បើមិនយល់ ចុះម៉េចបានមកទីនេះ? គេថា មកតាមគ្នា។ គេហៅមក ចេះតែមកទៅតែមិនដឹងថាមកធ្វើអី? ហើយត្រង់ចំណុចនេះហើយ ដែលពូលើកមកនិយាយថា យុវជនយើងសព្វថ្ងៃប្រៀបដូចខ្យងក្រោយរនាស់អ៊ីចឹង ឬកុំបណ្តោយខ្លួនឱ្យក្លាយជាខ្យងក្រោយរនាស់។
.អូ! អ៊ីចឹងទេលោកពូ ក្មួយយល់ហើយ។ អរគុណណាស់លោកពូកុំអីក្មួយនៅតែមិនយល់ហ្នឹង ខ្យងក្រោយរនាស់ (ខ្ញុំញញឹមងក់ក្បាលមើលមុខគាត់) ខ្ញុំក៏ទន្ទេញពាក្យគាត់ដដែលៗថា យុវជនគួរកុំធ្វើខ្លួន ឬបណ្តោយខ្លួនឱ្យក្លាយជាខ្យងក្រោយរនាស់…
ខ្ញុំក៏បានលើកដៃសំពះជម្រាបលាគាត់មកអង្គុយនៅកៅអី នៃសាលសិក្ខាសាលាវិញ ដោយស្ងប់ចិត្ត៕
……………………………………………………………………
ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach
បោះពុម្ពផ្សាយខែមករា គ.ស.២០២០
និពន្ធដោយ៖ MJQUP
#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖
https://www.mjquniversitypress.com/publications_detail/my-role-model-oknha-dr-mengly-j--quach
ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)